ល្បីថាអាជ្ញាធរខណ្ឌចំការមនដែលមានលោក ថេង សុថុល ជាចៅហ្វាយខណ្ឌនោះ កំពុងតែព្យាយាមលាក់បាំងដល់ទីតាំងសំបុកបនល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន១០កន្លែង កំពុងដំណើរការលេងយ៉ាងអនាធិបតេយ្យ២៤ម៉ោងលើ២៤ម៉ោង នៅក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ៅ ដែលមានទីតាំងឋិតនៅខាងកើតជាប់នឹងស្ថានទូតអូស្ត្រាលីតាមបណ្តោយផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើយោងតាមសេចក្តីរាយការណ៍ចេញពីមហាជនធ្លាប់ចេញចូលទីនោះញឹកញាប់ ក៏ដូចពីអ្នករកស៊ីរត់រ៉ឺម៉កកង់បី និងពីអ្នកប្រកបរបររត់តាក់ស៊ីម៉ែត្រជាច្រើននាក់ រង់ចាំចាប់ម៉ូយជាប្រចាំនៅទល់មុខមជ្ឈមណ្ឌលខាងលើ បានឲ្យយើងដឹងថា នៅខាងក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ៅ នេះសំបូរទៅដោយភោជនីយដ្ឋាន ហាងលក់ទំនិញផ្សេងៗជាច្រើនបើករកស៊ីដោយជនជាតិចិន ។ ប៉ុន្តែក្រៅពីនេះទៀត ពួកគាត់ក៏បានសង្កេតឃើញទីតាំងមជ្ឈមណ្ឌលមួយនេះក៏កំពុងបង្កប់បើកវង់ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់មានរហូតទៅដល់ចំនួន១០កន្លែងឯណោះ ដែលគេដឹងថាម្ចាស់ទីតាំងបនល្បែងទាំងអស់នោះរកស៊ីដោយជនជាតិចិន ដោយគ្មានកោតញញើតនឹងច្បាប់ស្រុកខ្មែរបន្តិចណាសោះឡើយ ដូចជាមានការបើកដៃពីសមត្ថកិច្ចអាជ្ញាធរជាប់ពាក់ព័ន្ធខ្លះរបស់ខណ្ឌចំការមន ឬដោយសារមានខ្នងបង្អែកធំកាងហើយមើលទៅ ។ ហើយគេបានឃើញទីតាំងទាំងអស់នោះមានបំពាក់ស្លាកយីហោដោយ ដាក់ឈ្មោះ ពាក្យនេះ ពាក្យនោះ ដើម្បីជាការបន្លំភ្នែកបង្វែរដានគេឯងទៀតផង មើលទៅហាក់ដូចនៅខាងក្នុងគ្មានអ្វីកើតឡើងអីចឹង ។
ជាក់ស្តែងបង្ហាញឈ្មោះនូវទីតាំងបនល្បែងស៊ីសងហ្គេមបាញ់ត្រីទាំង១០កន្លែងនោះ មានជាអាទិ៍ ៖ ទី១-មានបំពាក់ស្លាកយីហោឈ្មោះ មជ្ឈមណ្ឌលកម្សាន្តកុមារហ្គេមវើលដ៍, ទី២-យីហោ រស់ជាតិសឺឈាន់, ទី៣-យីហោ ស៊ុបចង្កាក់យាយទី៧, ទី៤-យីហោ ទីក្រុងគំនូរជីវចល អ៊ីឆាយយៀន, ទី៥-យីហោ មជ្ឈមណ្ឌលកម្សាន្ត ហ្វន់ស្បុក, ទី៦-យីហោ ពិភពគំនូរជីវចល ធានឡុង, ទី៧-យីហោ ពិភពហ្គេមអាហួយ, ទី៨-យីហោ អ៊ីហឺតុងម៉ាន់, ទី៩-យីហោ ទីក្រុងគំនូរជីវចល អ៊ីឆាយ រីឯទីតាំងបនល្បែងទី១០វិញ ម្ចាស់ទីតាំងមិនសរសេរស្លាកយីហោជាអក្សរខ្មែរ បែរជាសរសេរស្លាកយីហោជាអក្សរចិនទៅវិញ ប៉ុន្តែទីតាំងបនល្បែងទី១០នេះ ឋិតនៅទល់មុខនឹងទីតាំងបនល្បែងទី៩ហ្នឹងទេ ។ សូមបញ្ជាក់ថា ទីតាំងបនល្បែងហ្គេមបាញ់ត្រីទាំង១០កន្លែងនេះ ក៏នៅមានបង្កប់ល្បែងអេឡិចត្រូនិចជាច្រើនប្រភេទទៀតផង ដែលបើកចំហរកស៊ីដោយជនជាតិចិន ។
ជុំវិញនឹងបញ្ហាសំបុកទីតាំងបនល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ទាំង១០កន្លែងខាងលើ កំពុងដំណើរការប្រព្រឹត្តលេងយ៉ាងរលូនមានក្តីសុខសាន្តបំផុតនៅក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ៅ នោះមានមតិមហាជនជាច្រើនរស់នៅក្នុងក្រុងភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមនផ្ទាល់ សុទ្ធតែបាននាំគ្នាសម្តែងនូវការមិនពេញចិត្តចំពោះទង្វើរបស់សមត្ថកិច្ចអាជ្ញាធរជាប់ពាក់ព័ន្ធខ្លះរបស់ខណ្ឌចំការមន ក្នុងនោះមានលោក ថេង សុថុល ជាចៅហ្វាយខណ្ឌ និងលោក យិន សាន មេប៉ូលិសខណ្ឌចំការមន បែរជាធ្វើហី នាំគ្នាលាក់បាំងដល់ទីតាំងសំបុកបនល្បែងទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មានលក្ខណៈទ្រង់ទ្រាយធំនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនទៅវិញ ។
ប្រជាពលរដ្ឋទូទៅរស់នៅក្នុងខណ្ឌចំការមន ក៏ដូចជាក្នុងរាជធានីភ្នំពេញ សូមអំពាវនាវដល់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងដាក់បទបញ្ជាបង្ក្រាបដល់សំបុកទីតាំងហ្គេមបាញ់ត្រីចំនួន១០កន្លែងនៅក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ៅ ឲ្យមានប្រសិទ្ធភាពផង ព្រោះទីតាំងសំបុកបនល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនោះនឹងពង្វក់ដល់ស្មារតីយុវជនដែលជាអនាគតកូនចៅរបស់ពួកគាត់កំពុងសិក្សារៀនសូត្រ និងក៏ដូចឲ្យកើតមានបទល្មើសផ្សេងៗសុទ្ធសឹងកើតចេញពីការចាញ់ល្បែងស៊ីសងនេះឯង ៕
0 Comments